

ជា ស្រីរ័ត្ន ដែលទើបនឹងក្ដាប់តំណែងតួឯកស្រីក្នុងរឿង "បុប្ផាស្រុកស្រែ" របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ថ្មី ត្រូវបានគេដឹងថា ក្រៅពីមានសម្រស់ស្រស់ស្អាត និងនៅវ័យក្មេងហើយនោះ កញ្ញា នៅមានសមត្ថភាពសិល្បៈយ៉ាងច្រើនទៀត កម្រមានតារាស្រីណាប្រដូចឡើយ។

តាមព័ត៌មាន ស្រីរ័ត្ន ត្បិតថានៅវ័យក្មេង ប៉ុន្តែនាងនៅអាចនិពន្ធរឿងបាន ព្រមទាំងអាចដឹកនាំសម្ដែងដោយខ្លួនឯងថែមទៀតផង។ តាមសមត្ថភាពកម្រនេះ ស្រីរ័ត្ន ធ្លាប់បានបញ្ចេញស្នាដៃនិពន្ធនូវខ្សែភាពយន្តប៉ុន្មានរឿងរួចមកហើយ។ នៅក្នុងជំនួបនាថ្ងៃក្រុងពាលីភាពយន្តខាងលើនៅសណ្ឋាគារសូហ្វីតែល តារាស្រី បញ្ជាក់ថា នាងពិតជាអាចធ្វើបានដូចព័ត៌មានខាងលើពិតមែន។ “ចាសបង ខ្ញុំអាចសម្ដែង និពន្ធរឿង និងដឹកនាំសម្ដែងបានមែន(សើច)”។ បើទោះជាបច្ចុប្បន្ន ស្រីរ័ត្ន មានជំនាញដូចបានអះអាងខាងលើ ប៉ុន្តែការចាប់ផ្ដើមដំបូងបំផុតរបស់នាង គឺមិនមែនជំនាញទាំងនោះឡើយ ពោលគឺដំបូងឡើយនាងគឺជាតារាម៉ូដែលប៉ុណ្ណោះ។ ស្រីរ័ត្ន អះអាងថា នាងជាអតីតបេក្ខភាពប្រឡងក្នុងកម្មវិធី Girls Boys and Freshieជំនាន់ទី១១ ឆ្នាំ ២០១២ ប៉ុន្តែនាងមិនបានជាប់ចំណាត់ថ្នាក់ឡើយ គឺជាប់ត្រឹមក្នុងចំណោម១០ប៉ុណ្ណោះ។

ក្រោយពីនោះមកនាង ក៏ចាប់អាជីពជាតារាម៉ូដែល ហើយបន្តបន្ទាប់ក៏វិវត្តមកជាសម្ដែង។ ចុងក្រោយ គឺវិវត្តមកជាអ្នកនិពន្ធ និងដឹកនាំរឿងថែម។ ចំពោះការនិពន្ធនេះ ស្រីរ័ត្ន បញ្ជាក់ថា នាងមិនបានរៀនពីខាងណានោះទេ ប៉ុន្តែជានិស្ស័យចូលចិត្ត និងទេពកោសល្យផង នាងក៏ខិតខំចូលសិល្បៈមកសិក្សាបន្ថែមខ្លួនឯង តាមរយៈការមើលសេណារីយ៉ូភាពយន្តនានា។ ដោយឡែកសមត្ថភាពដឹកនាំរឿង គឺមានឪពុករបស់ឈ្មោះ ជា វណ្ណា ជាអតីតអ្នកដឹកនាំរឿង ជួយបង្ហាត់បង្ហាញ។

មកទល់បច្ចុប្បន្ន ស្រីរ័ត្ន វ័យ ២៤ឆ្នាំ ធ្លាប់បាននិពន្ធរឿងមួយចំនួនរួចមកហើយ ដូចជារឿង "ចៅធុង ចៅសាញ់" និងរឿង "អាទិត្យ វង្សា ស៊ីសូរិយាវង្ស" ជាដើម។ និយាយពីការសម្ដែងវិញ កញ្ញា ជា ស្រីរ័ត្ន ធ្លាប់សម្ដែងក្នុងរឿងជាច្រើនរួចមកហើយ ហើយរឿងចុងក្រោយរបស់នាង គឺរឿង "បុប្ផាស្រុកស្រែ" របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដែលទើបក្រុងពាលីចេញថតកាលពីពាក់កណ្ដាលខែឧសភានេះ៕
