ភា

ពជោគជ័យរបស់ Jack Ma អាចចាត់ទុកជារឿងព្រេងនិទានដ៏គួរឲ្យជក់ចិត្ត។ លោកអាចវិវត្តន៍ខ្លួនពីគ្រូបង្រៀនភាសាអង់គ្លេសម្នាក់មកជាមហាសេដ្ឋីដ៏ល្បីល្បាញនៅលើពិភពលោក។ ខាងក្រោមនេះគឺជាមេរៀនដែលយើងអាចរៀនសូត្របានពីមហាសេដ្ឋី មាឌល្អិត ចិត្តធំមួយរូបនេះ៖

ចក្ខុវិស័យវែងឆ្ងាយ៖ នៅពេលដែលលោកបានទៅដល់ទឹកដីអាមេរិកដំបូង វាគឺជាពេលដែលលោកចាប់ផ្ដើមស្គាល់អ៊ីនធឺណែត និងមើលឃើញពីសក្ដានុពលយ៉ាងធំមហិមានៃការរីកចម្រើនវិស័យអ៊ីនធឺណែតនៅក្នុងសហរដ្ឋអាមេរិក។ លោកមានទស្សនវិស័យវែងឆ្ងាយដែលអាចមើលឃើញតម្រូវការនាពេលអនាគតថា ប្រទេសចិននឹងអាចដើរដល់ភាពរីកចម្រើនរបស់អាមេរិកនាពេលបច្ចុប្បន្ននេះផងដែរ ។ ចុងក្រោយលោកក៏ចាប់ផ្ដើមអាជីវកម្មដែលទាក់ទងទៅនឹងអ៊ីនធឺណែតនេះ បើទោះបីជាលោកគ្មានជំនាញអំពីវាក៏ដោយ។

គំនិតដែលមានតែមួយគត់៖ Jack Ma បាននាំយកគំនិតដែលខុសប្លែកពីគេ ដែលមនុស្សភាគច្រើននៅក្នុងប្រទេសចិនមិនទាន់បានចាប់ផ្ដើមធ្វើគឺ ការយកទំនិញមកដាក់លក់នៅលើអ៊ីនធឺណែត បើទោះបីជាពេលនោះមិនទាន់មានមនុស្សដែលស្គាល់អ្វីជាអ៊ីធឺណែតច្រើនក៏ដោយ។

ចេះឆក់ឱកាស៖ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១១ ខែ វិច្ឆិកា នៅក្នុងប្រទេសចិនតែងតែប្រារព្ធទិវា Single Day ដែលវាជាទិវាស្រដៀងគ្នាទៅនឹងទិវានៃក្តីស្រឡាញ់ឬព្រឹត្តិការណ៍ល្បីៗផ្សេងទៀតនៅជុំវិញពិភពលោកផងដែរ។ នៅពេលនោះ អាលីបាបាបានធ្វើទីផ្សារឲ្យត្រូវជាមួយនឹងក្រុមមនុស្សដែលនៅលីវ ដែលអាចរកប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់រាប់សិបពាន់លានដុល្លារក្នុងរយៈពេលដ៏ខ្លី។

តម្លៃនៃអាកប្បកិរិយា៖ ឥរិយាបថវិជ្ជមាននិងសុទិដ្ឋិនិយមគឺចាំបាច់ដើម្បីទ្រទ្រង់អាជីវកម្មរបស់អ្នកនៅក្នុងការធ្វើអាជីវកម្ម។ លោកឲ្យតម្លៃយ៉ាងខ្លាំងទៅលើអាកប្បកិរិយារបស់បុគ្គលម្នាក់ ដើម្បីធានានូវភាពរីកចម្រើនយូរអង្វែងរបស់អាជិវកម្ម។

បង្រួបបង្រួមមនុស្សនៅក្រោមគោលដៅតែមួយ៖ លក្ខណៈពិសេសមួយរបស់មហាសេដ្ឋី Jack Ma គឺគាត់មានជំនាញគ្រប់គ្រង និងប្រើមនុស្សពូកែៗឲ្យធ្វើការឲ្យគាត់។ ដើម្បីឲ្យគេព្រមធ្វើការឲ្យគាត់បានទាល់តែពួកគេមានចក្ខុវិស័យដូចគាត់ដែរ គឺចង់ជួយម្ចាស់អាជីវកម្មខ្នាតតូចក្នុងស្រុក។ គាត់គ្មានជំនាញខាងអ៊ីធឺណែតនោះទេ ប៉ុន្តែតើហេតុអ្វីបានជាគាត់អាចបង្កើតក្រុមហ៊ុនដែលរកស៊ីទាក់ទងនឹងអ៊ីនធឺណែតឲ្យទទួលជោគជ័យបាននោះ? គឺព្រោះតែគាត់អាចបង្រួបបង្រួមមនុស្សឲ្យរស់នៅនៅក្រោមគោលដៅតែមួយ។

ជួលក្រុមមនុស្សដែលមានជំនាញខ្ពស់៖ ប្រសិនបើអ្នកអាចទាក់ទាញមនុស្សដែលមានសមត្ថភាពខ្ពស់ៗ ឲ្យពួកគេមកធ្វើការឲ្យអ្នកនោះគឺមានន័យថា អ្នកនឹងអាចផលិតបាននូវផលិតផល ឬសេវាកម្មដែលល្អឥតខ្ចោះ ហើយវានឹងធានានូវភាពជោគជ័យរបស់ក្រុមហ៊ុន។

ភាពច្បាស់លាស់៖ Jack Ma គាត់មានជំនឿជាក់ចំពោះអ្វីដែលគាត់កំពុងធ្វើ នឹងច្បាស់លាស់ក្នុងចិត្តថា តើអនាគតអាលីបាបានឹងក្លាយទៅជាបែបណា។ ភាពជាអ្នកដឹកនាំគឺយើងត្រូវតែច្បាស់ចំពោះអ្វីដែលយើងកំពុងធ្វើ និងច្បាស់ពីផ្លូវដែលត្រូវដើរ។

កុំបោះបង់៖ Jack Ma ធ្លាប់បាននិយាយថា "ការបោះបង់ចោលគឺជាការបរាជ័យដ៏ធំបំផុត។" លោកជាមនុស្សដែលក្រាញញននៀលនឹងគោលដៅរបស់លោកមិនបោះបង់ចោលងាយៗនោះទេ។ ពេលចាប់ផ្ដើមអាលីបាបាដំបូងក្រុមហ៊ុនរបស់លោកមិនទទួលបានប្រាក់ចំណេញជាច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែលោកមិនបោះបង់វាចោលនោះទេ លោកខិតខំតស៊ូរហូតដល់លោកអាចដឹកនាំវាឲ្យទទួលបានភាពជោគជ័យយ៉ាងមហិមា។

ប្រឈមមុខនឹងការបដិសេធ៖ លោកហាក់ដូចជាធ្លាប់ជាមួយនឹងការបដិសេធជាច្រើនដងរហូតដល់លោកមកដល់ចំណុចនេះ។ លោកធ្លាប់ត្រូវគេបដិសេធទាំងក្នុងរឿងការសិក្សា ការងារ អាជីវកម្មជាច្រើនលើកច្រើនសារទម្រាំអាចទទួលបានអ្វីដែលលោកកំពុងមាននាពេលនេះ។

ឈប់ត្អូញត្អែ ប៉ុន្តែត្រូវសម្លឹងមើលឱកាស៖ គ្រប់បញ្ហាវាសុទ្ធតែមានបង្គាប់នូវឱកាសសម្រាប់សហគ្រិន។ ជំនួសឲ្យការនិយាយត្អូញត្អែរនៅពេលដែលជួបបញ្ហា លោកចង់ឲ្យយើងប្ដូរមកសម្លឹងឲ្យឃើញឱកាសដែលកំពុងតែលាក់ខ្លួននៅក្នុងបញ្ហានោះវិញ។



ប្រភព៖​ Business-Cambodia