យល់ដឹង
បិតាកាហ្វេ Starbucks បង្ហើបពីមូលហេតុធំ១ ដែលធ្វើឱ្យខ្លួនក្លាយជាយីហោកាហ្វេធំជាងគេលើលោក
Posted by Veasna WT

tarbucks គឺជាឈ្មោះយីហោកាហ្វេដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានគេទទួលស្គាល់ថា ជាយីហោកាហ្វេដ៏ល្អបំផុតលំដាប់លេខ ១ នៅលើពិភពលោក។ ហើយនៅឆ្នាំ២០១៨ កន្លងទៅនេះ Starbucks បានក្លាយជាយីហោកាហ្វេទី ១ លើលោក ដែលមានតម្លៃថ្លៃជាងគេប្រមាណជា ៨០ ពាន់លានដុល្លារអាមេរិក។
ទន្ទឹមនឹងភាពជោគជ័យដែលមិនអាចកាត់ថ្លៃបាននេះ លោក Howard Schultz នាយកប្រតិបត្តិនៃក្រុមហ៊ុនកាហ្វេ Starbucks បានលើកឡើងថា មូលហេតុធំមួយដែលធ្វើឱ្យ Starbucks ទទួលបានជោគជ័យ និងមានការពេញនិយមពីអតិថិជនខ្លាំងបំផុត គឺដោយសារ Starbucks យល់ច្បាស់ពីអារម្មណ៍អតិថិជន ហើយលក់អារម្មណ៍ក្នុងផលិតផលឱ្យអតិថិជន។
លោក Howard Schultz បានពន្យល់ថា ហាងកាហ្វេ Starbucks មិនដែលធ្វើការប្រកួតប្រជែង ដោយការកំណត់ទីតាំងហាង នៅជិតយីហោកាហ្វេល្បីៗដទៃនោះទេ។ ផ្ទុយមកវិញ Starbucks បានកំណត់ទីតាំងហាងរបស់ខ្លួននៅជិតហាងលក់ទំនិញផ្សេងៗ ដែលមានមនុស្សចូលទិញច្រើនជារៀងរាល់ថ្ងៃ ព្រោះថានៅពេលដែលមនុស្សដើរទិញឥវ៉ាន់ មនុស្សនឹងមានអារម្មណ៍ចង់ផឹកភេសជ្ជៈ និងញ៉ាំអាហារផ្សេងៗជាដើម។ ដូច្នេះ ការបើកហាងកាហ្វេនៅជិតកន្លែងលក់ទំនិញ ដែលមានមនុស្សចូលទិញមិនចេះដាច់ គឺមានឱកាសជោគជ័យខ្លាំងបំផុត។
ជាមួយគ្នានេះ Starbucks បានធ្វើការដេញតាមបច្ចេកវិទ្យាជាប់ជានិច្ច ដើម្បីបំពេញតម្រូវការរបស់អតិថិជន ព្រោះសម័យកាលបច្ចុប្បន្ន មនុស្សចូលចិត្តប្រើប្រាស់ទូរស័ព្ទដៃទំនើបៗ ហើយពួកគេកាន់តែខ្ជិលឡើងៗ ដូច្នេះStarbucks ក៏បានបង្កើត Application របស់ខ្លួនឡើង សម្រាប់ឲ្យអតិថិជនបញ្ជាទិញកាហ្វេ Starbucks តាមរយៈទូរស័ព្ទដៃ ដែលផ្ដល់ភាពងាយស្រួលសម្រាប់អតិថិជនខ្លាំងបំផុត ៕