កីឡា
ឈោកឆៃ របស់ថៃ យកឈ្នះអ្នកប្រដាល់កម្ពុជា១រូបទៀតហើយម្សិលមិញនេះ
Posted by Chea Menghuy

ឆៃរបស់ថៃ យកឈ្នះអ្នកប្រដាល់កម្ពុជា១រូបទៀតហើយម្សិលមិញនេះ
កីឡាករស្បៃវែងរបស់ថៃ ខាងលើនេះ នៅតែបង្ហាញទម្រង់ចាប់វ៉ៃជង្គង់បានល្អដដែល ខណៈជើងខ្លាំងរបស់កម្ពុជា ឈាន ហុង ខំប្រឹងទប់ទល់ដែរ ប៉ុន្តែនៅតែមិនអាចធ្វើអ្វី ឈោកឆៃ បាននោះឡើយពេញ៥ទឹកនៅ TV5។
នៅក្នុងទឹកទី១ ឈោកឆៃ ហាក់បណ្ដោយឲ្យអ្នកលេងគុនខ្មែរ ឈាន ហុង បញ្ចេញស្នៀតគ្រប់យ៉ាង ខណៈរូបគេបានត្រឹមទប់ៗប៉ុណ្ណោះ។ ប៉ុន្តែឈានដល់ទឹកទី២ទៅ ឈាន ហុង របស់កម្ពុជាព្យាយាម ចេញស្នៀតជាហូរហែ ព្រមទាំងចង់តទល់ជង្គង់ថែមទៀតផងតែមិនសូវបានផលនោះឡើយ។
អ្នកប្រដាល់របស់កម្ពុជាខាងលើនេះ ត្រូវបែកចិញ្ចើមឆ្វេងនៅក្នុងទឹកទី៣ ស្របពេលការប្រកួតសន្ធាប់កាន់តែខ្លាំង យ៉ាងណាមិញគេមើលឃើញថា អ្នកប្រដាល់មកពីខេត្តពោធិ៍សាត់របស់កម្ពុជារូបនេះថមថយកម្លាំង និងចាញ់ជង្គង់ ឈោកឆៃ ជាលទ្ធផលគឺចុងក្រោយចាញ់ដោយពិន្ទុតែម្ដង។
រំលឹកដែរថា ការប្រកួតមិត្តភាពអន្តរជាតិរបស់សង្វៀន TV5 អមនិងគូជម្រុះដណ្ដើមពានរង្វាន់ទម្ងន់ ៥៤គីឡូក្រាម ម្សិលមិញនេះ គឺ ឈាន ហុង ចាញ់ពិន្ទុអ្នកប្រដាល់ឆ្លងដែនមកពីថៃ ឈោកឆៃ ខណៈ លី តក់ ដឹកដៃ ជី ឆៃលី ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្តទៀត៕