

ប្រកួតពានរង្វាន់ G-PARK យុវជនអាយុក្រោម១៥ឆ្នាំ ត្រូវបានបញ្ចប់ទៅដោយជោគជ័យ ក្នុងនោះក្រុមយុវជនដែលមកពីខេត្តត្បូងឃ្មុំបានក្លាយជាម្ចាស់ជើងឯកដោយបំបាក់ក្រុមយុវជនខេត្តព្រះសីហនុក្នុងលទ្ធផល ៣-១ ខណៈលេខ៣ បានទៅលើក្រុមខេត្តកំពង់ឆ្នាំង និងលេខ៤ បានទៅលើយុវជនខេត្តព្រៃវែង នៅកីឡដ្ឋានវិសាខា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ។

នេះជាលើកទី២ ហើយក្នុងរយៈពេលមិនដល់២ខែផង ក្រុមកីឡាករខេត្តត្បូងឃ្មុំបានលើកពានយ៉ាងគគ្រឹកគគ្រេងនៅកីឡដ្ឋានវិសាខាដដេល បន្ទាប់ពីក្រុមជម្រើសខេត្តត្បូងឃ្មុំទើបឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្តកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅតាមរយៈជយជម្នះលើក្រុមជម្រើសខេត្តសៀមរាប ១-០។

លោក កា វចនា អនុប្រធានមន្ទីអប់រំបានប្រាប់ Sabayថា នេះជារឿងនឹកស្មានមិនទេ ដែលក្រុមរបស់លោកអាចធ្វើបាន។ លោកធ្លាប់រំពឹងត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែប៉ុណ្ណេះ។ លោកបន្តថា ៖« មូលហេតុដែលធ្វើឲ្យក្រុមខេត្តយើងខ្ញុំទទួលបានលទ្ធផលល្អផ្ទួនៗយ៉ាងដូចនេះក៏ដោយសារតែមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំដោយបានដាក់គោលដៅយ៉ាងច្បាស់លាស់ថា ធ្វើយ៉ាងមេចដណ្ដើមយកពានអោយខានតែបាន»។

រំលឹកដែរថា យុវជនដែលមានសមត្ថភាពក្លឹបវិសាខានឹងអញ្ជើញពួកគេមកធ្វើស្តេតសមត្ថភាពផ្ទាល់តែម្តងឆាប់ៗ ខាងមុខនេះ ហើយរាល់ការចំណាយធ្វើដំណើរ ហូបចុក ស្នាក់នៅក្លឹបជាអ្នករាប់រងទាំងអស់។

- ប្រាក់រង្វាន់
-
- លេខ១៖ ក្រុមជើងឯក ខេត្តត្បូងឃ្មុំ ទទួលបាន ១០លានរៀល
- លេខ២៖ ជើងឯករង ខេត្តព្រះសីហនុ ទទួលបាន ៦លានរៀល
- លេខ៣៖ ខេត្ត កំពង់ឆ្នាំង ទទួលបាន ៤លានរៀល
- លេខ៤៖ ខេត្តព្រៃវែង ទទួលបាន ២លានរៀល
- ក្រុមអាជ្ញាកណ្ដាលល្អ៖ ទទួលបាន១លានរៀល
- ក្រុម FAIR PLAY ៖ ទទួលបាន១លានរៀល
- អ្នកចាំទីល្អ៖ កីឡាករ ឈួង វិសាល ទទួលបាន ១លានរៀល
- អ្នករកគ្រាប់បាល់បានច្រើនជាងគេ៖ កីឡាករ ណេត ណែត ទទួលបាន ១លានរៀល





