សាលា

គុន​ល្បុក្កតោ​​លោក​តា​ដំបង​ដែក​ខេត្ត​កំពង់​ឆ្នាំង»​ ​​បាន​ដាក់​គោល​ដៅ​​ដើម្បី​​ផលិត​ ឬ​បណ្ដុះបណ្ដាល​សិស្ស​​​គុន​​ក្នុង​ន័យ​​​អភិរក្ស​ក្បាច់​គុន​ខ្មែរ​​ជា​ពិសេស​ល្បុក្កតោ​ និង​ ​មួយ​ចំនួន​​ទៀត​ដែល​មាន​សមត្ថភាព​​នឹង​ត្រូវ​រុញ​ច្រាញ​ឲ្យ​ពួក​​គេ​ក្លាយ​ជា​​​​កីឡាករ​អាជីព​​ក្នុង​ការ​ឈោង​ទៅ​ប្រកួត​កម្រិត​​​ថ្នាក់​ជាតិ​ ​កម្រិត​អាជីព​ និង​ ប្រកួត​លើ​ឆាក​អន្តរជាតិ​​​​​នា​ពេល​ខាង​មុខ​ជា​ដើម។ ​នេះ​ជា​ការ​​ប្រាប់​​ឲ្យ​ដឹង​​ពី​​លោក​គ្រូ​ អំ យ៉ុម​ ​ដែល​ជា​ប្រធាន​ក្លិប​នៅ​ខេត្ត​កំពង់​ឆ្នាំង។

គ្រូ​បង្វឹក​គុន​ល្បុក្កតោ​​វ័យ​​៥៣​ឆ្នាំ​​​​គូស​បញ្ជាក់​ថា ៖«​​បច្ចុប្បន្ន​ខ្ញុំ​មើល​​ឃើញ​​កូន​សិស្ស​ ៥ ​នាក់​ក្នុង​ចំណោម​ជាង​ ២០​​ នាក់​​​​ពេល​ហាត់​រាល់​ថ្ងៃ​​ដែល​មាន​សមត្ថភាព​ល្អ។​ ​៥​នាក់​នោះ​មាន​សមត្ថភាព​ល្អ​ ​ព្រោះ​គេ​មក​ហ្វឹកហាត់​ជា​ប្រចាំ​ មាន​ការ​តាំង​ចិត្ត​ខ្ពស់​ ហើយ ​អ្នក​ផ្សេង​ទៀត​ហាត់​ដែរ​ ​តែ​គេ​ជាប់​រវល់​រៀន​ ឬ​ ​ជួយ​ក្រុម​គ្រួសារ​ជា​ដើម។ ​ទាំង​ ៥ ​នាក់​នោះ​​មាន​ប្រភេទ​គីឡូ​ ​៤៥, ​៤៨ និង​ ៥១ គីឡូក្រាម។ ខ្ញុំ​ជឿ​ជាក់​ពួក​គេ​អាច​​នឹង​មាន​ឈ្មោះ​ទៅ​ប្រកួត​អាជីព​ ឬ ថ្នាក់​ជាតិ​នា​ពេល​​ខាង​មុខ​មុន​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ»។ ​ដ្បិត​​នៅ​ខេត្ត​ឆ្ងាយ​ពី​​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​​ លោក អំ យ៉ុម ​បាន​ខិតខំ​ប្រែង​ជា​ខ្លាំង​ដើម្បី​​គុន​ល្បុក្កតោ​ខ្មែរ​ ​ពោល​​​លោក​បាន​ជួយ​ផ្សព្វផ្សាយ​ទាំង​ក្នុង​ស្រុក​ និង​ ​ផ្សព្វផ្សាយ​ដល់​ជន​បរទេស​ទៀត​ផង។​ ​ទន្ទឹម​នឹង​សាលា​គុន​ល្បុក្កតោ​នៅ​ខេត្ត​កំពង់​ឆ្នាំ​ ​លោក​​បាន​បង្កើត​ សាលា​គុន​មួយ​ទៀត​ឈ្មោះ​ថា​ ​«សាលា​គុន​ល្បុក្កតោ​បារាយណ៍​​អណ្ដែត​ខេត្ត​ព្រៃ​វែង»​ និង​ កំពុង​រៀប​ចំ​បង្កើត​នៅ​ខេត្ត​កំពង់​ចាំ​មួយ​​ទៀត​​ក្នុង​គោល​​បំណង​​​ថែ​រក្សា​ក្បាច់​គុន​កេរ​ដូន​តា​មួយ​នេះ។​

គ្រូ​គុន​ល្បុក្កតោ​​សង្កត់​ធ្ងន់​​បែប​នេះ ​៖«​ខ្ញុំ​ចង់​ឃើញ​គ្រប់​ខេត្ត​មាន​​សាលា​គុន​ល្បុក្កតោ​ ដូច្នេះ​ខ្ញុំ​ខិត​ខំ​ធ្វើ​បណ្ដើរៗ​។ យើង​មិន​មាន​អ្នក​ជួយ​ឧបត្ថម្ភ​ច្រើន​ទេ​ ព្រោះ​យើង​មិន​មាន​អ្វី​ផ្ដល់​ផល​ចំណេញ​ដល់​គេ ឬ ជំនួញ​របស់​​គេ។ ​ខ្ញុំ​យល់​អំពី​រឿង​នេះ។ ​ប៉ុន្តែ​ ​ខាង​ខ្ញុំ​ទទួល​បាន​ការ​ចូល​រួម​ពី​សហគមន៍​ និង​ យុវជន​​​ស្ម័គ្រ​ចិត្ត​​ដែល​ខ្នះខ្នែង​​រៃ​អង្គាស​ថវិកា​ខ្លះ​ដើម្បី​ធ្វើ​ការងារ​​មួយ​ចំនួន និង​ការងារ​រដ្ឋបាល​ខ្លះៗ»។

ពេល​សួរ​ថា​ តើ​​​ធ្វើ​​យ៉ាង​ណា​​ទើប​អាច​មាន​កីឡាករ​ទៅ​ប្រកួត​លើ​សង្វៀន​នៅ​ភ្នំពេញ ឬ ​សង្វៀន​ ONE Championship ​បើ​បង្ហាត់​​តែ​ល្បុក្កតោ? ​លោក​ឆ្លើយ​ថា​ ៖«​តាម​ពិត​ក្បាច់​គុន​មិន​ខុស​គ្នា​ប៉ុន្មាន​​ទេ។​ ពេល​ទៅ​​វ៉ៃ​ ឬ ប្រកួត​ទី​ណា​យើង​គោរព​តាម​គោលការណ៍ ឬ ​ច្បាប់​របស់​សង្វៀន​នោះ។ ​បើ​យើង​ទៅ​វ៉ៃ​ MMA នៅ​​សង្វៀន​ ONE ​យើង​ក៏​​​ត្រូវ​ប្រកួត​​តាម​ក្បាច់​របស់​គេ​ វ៉ៃ​​សេរី ឃ្លេ គាប​ និង កាច់​​តាម​ហ្នឹង​ទៅ។ ​យើង​មាន​គ្រប់​ក្បាច់​ដែល​ត្រូវ​រៀន»។ «សាលា​គុន​ល្បុក្កតោ​​លោក​តា​ដំបង​ដែក​ខេត្ត​កំពង់​ឆ្នាំង» ​គឺ​ជា​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​​ផ្លូវ​ការ​ទាំង​ឡាយ​​នៃ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា។​ ​​គ្រូ​បង្វឹក​ អំ យ៉ុម​ បាន​ធ្វើ​ការ​យ៉ាង​ជិត​ដិត​ជា​​មួយ​សហព័ន្ធ​​នា​ពេល​កន្លង​មក ​​​ជា​ពិសេស​ការ​ផ្លាស់​ប្ដូរ​បទពិសោធន៍​ការងារ​បង្វឹក​ជា​ច្រើន​​ឆ្នាំ​​ជា​មួយ​គ្រូ​បង្វឹក​​គុន​ចម្រុះ​ ហ៊ុន ច័ន្ទរាជ្យ។ ​តាម​រយៈ​ការ​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ​ថ្មីៗ​​នេះ​ សាលា​គុន​នៅ​ក្រុង​កំពង់​ឆ្នាំ​នឹង​ទទួល​បាន​ការ​ជ្រោមជ្រែង​​ទាំង​​បច្ចេកទេស​ហ្វឹកហាត់​ និង​ ​ជំនួយ​ជា​សម្ភារ​ហ្វឹកហាត់​នា​ពេល​ខាង​មុខ។​ ​

គួរ​រំលឹក​ថា​ «សាលា​គុន​ល្បុក្កតោ​​លោក​តា​ដំបង​ដែក​ខេត្ត​កំពង់​ឆ្នាំង» ​​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​អំឡុង​ឆ្នាំ ២០១៣​ ​ប៉ុន្តែ​​សាលា​គុន​មួយ​​នេះ​​​​បាន​បង្ហាត់​សិស្ស​ជា​យូរយារ​​ណាស់​មក​ហើយ។​ ​​កូន​សិស្ស​លោក​គ្រូ​​ អំ យ៉ុម​​ តែង​តែ​​ចូល​រួម​កម្មវិធី​សម្ដែង​​​​ធំៗ​ថ្នាក់​ជាតិ​​​​​ដើម្បី​​​បង្ហាញ​អំពី​ក្បាច់​គុន​ល្បុក្កតោ​ និង​ ​ចូល​រួម​​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ ​ឬ កីឡា​ជាតិ​ជា​​ហូរហែ​​​តាំង​ពី​ដើម​រហូត​ដល់​បច្ចុប្បន្ន។ ​​សាលា​គុន​មួយ​នេះ​ស្ថិត​នៅ​ភូមិ​ប្អេរ​ សង្កាត់​ប្អេរ​ ​ក្រុង​កំពង់​ឆ្នាំង​ ខេត្ត​កំពង់​ឆ្នាំង៕